PRESIDENT | ប្រធានសន្និបាត

សូមជំរាបសួរឯកឧត្តម លោកជំទាវ លោកគ្រូ អ្នកគ្រូគង្វាល លោក លោកស្រី បងប្អូនរួមជំនឿ នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ!

នៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខ្ញុំសូមអធិស្ឋាន សូមព្រះចេស្តានៃព្រះដ៏ជាម្ចាស់ស្ថានសួគ៌ និងផែនដីការពារថែរក្សាលោកអ្នកទាំងអស់គ្នា។

ព្រះបានដាក់ក្រុមជំនុំមេតូឌីស្ទនៅកម្ពុជានៅលើទឹកដីនេះ ដើម្បីនាំដំណឹងល្អនៃសេចក្តីសង្រ្គោះ និងសេចក្តីសង្ឃឹមមកកាន់ប្រជាជនកម្ពុជា។ រួមជាមួយក្រុមជំនុំ អង្គការព័ន្ធកិច្ច និងនិកាយដទៃទៀត ក្រុមជំនុំមេតូឌីស្ទនៅកម្ពុជាស្វែងរកការសាងសង់ និងពង្រីកនរគព្រះនៅកម្ពុជា។ ក្តីសង្ឃឹមរបស់ពួកយើងគឺចង់ឃើញប្រជាជនកម្ពុជាទទួលជឿព្រះយេស៊ូគ្រីស្ទជាព្រះអម្ចាស់ និងជាព្រះអង្គសង្រ្គោះ។

នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺជាងពេលណាៗទាំងអស់ដែលយើងត្រូវការពឹងផ្អែកលើការព្រះចេស្តា និងការការពាររបស់ព្រះ។ យើងត្រូវខិតខំស្វែងរកការជ្រកកោននៅក្នុងដំណាក់នៃព្រះដ៏ខ្ពស់បំផុត។  “អ្នកណាដែលនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្តា” – (ទំនុកតំកើង ៩១:១)។ យើងបានខកខានការថ្វាយបង្គំព្រះនៅក្នុងអាគារព្រះវិហារប្រមាណជាង១៨ខែមកហើយ ប៉ុន្តែបងប្អូននៅតែបន្តការថ្វាយបង្គំទៅតាមមធ្យោបាយផ្សេងៗជាច្រើន។យើងពិតជាអរព្រះគុណដល់ព្រះនូវសំភារ:​​ និងមធ្យោបាយច្រើនយ៉ាងដែលយើងអាចបន្តនៅក្នុងការជួបជុំថ្វាយបង្គំ។ ទាំងនេះបង្ហាញពីសេចក្តីជំនឿ និងសេចក្តីស្មោះត្រង់របស់យើងនៅក្នុងការបំរើ និងការថ្វាយបង្គំព្រះ។ យើងត្រូវការទុកចិត្តលើព្រះចេស្តានៃព្រះកាន់តែច្រើនថែមទៀត។ “ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ ក៏នឹងបំពួនខ្ញុំនៅទីសំងាត់ក្នុងត្រសាលទ្រង់ ហើយនឹងលើកខ្ញុំដាក់លើថ្មដា” – (ទំនុកតំកើង ២៧:៥)។

ព្រះគម្ពីរអេសាយជំពូក២៦ ខ២០ ប្រាប់យើងឲ្យចូលទៅក្នុងបន្ទប់ ហើយរង់ចាំទាល់តែសេចក្តីអាក្រក់បានកន្លងទៅ “ចូរមកជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្តិចសិន ទាល់តែសេចក្តីក្រោធបានកន្លងហួសទៅ”។ ស្ថានភាពដែលយើងកំពុងតែជួបប្រទះនេះ នឹងកន្លងផុតទៅដោយនូវព្រះចេស្តា និងសេចក្តីមេត្តាករុណានៃព្រះយេស៊ូវគ្រីស្ទ។

នៅក្នុងស្ថានភាពដ៏លំបាកនេះ សូមឲ្យយើងនៅតែបន្តផ្តល់សេចក្តីស្រលាញ់នៅក្នុងសហគមន៍របស់យើង។ផ្តល់ឲ្យនូវការជួយយកអាសារដល់ជនទាល់ក្រ និងអ្នកដែលជួបការលំបាក។ សូមឲ្យពន្លឺនៃព្រះគ្រីស្ទចែងចាំងក្នុងជិវិតយើង ហើយផ្តល់ដល់យើងនូវសេចក្តីសុខសាន្ត។

សូមព្រះប្រទានពរ!
គ្រូគង្វាល លន់ សូភី
ប្រធាន
សន្និបាតបណ្តោះអាសន្ន
ក្រុមជំនុំមេតូឌីស្ទនៅកម្ពុជា